Wednesday, December 4, 2013

លោក លឹម ចន្ថា នាយសង្កាត់ រដ្ឋបាលព្រៃឈើរលួស បន្តបើកដៃ ឲ្យឈ្មួញដឹកជញ្ជូន ឈើដោយមិនញញើត បទបញ្ជាថ្នាក់លើ

ក្រចេះ ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស លោក លឹម ចន្ថា តែបន្តឃុបឃិត បើកដៃឲ្យក្រុមឈ្មួញខិលខូច ដឹកជញ្ជូនឈើប្រណីត ស្ទើរតែរាល់ថ្ងៃចេញពីដែនដីរបស់លោក ដោយមិនញញើតចំពោះការព្រមាន របស់ថ្នាក់លើឡើយ ។





ប្រភពចេញពីឃុំរលួស ដែលស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា មេឈ្មួញម្នាក់ឈ្មោះ ហៃ កំពុងត្រូវប៉ាន់ក្នុងការដើរប្រមូលទិញ និងដឹកជញ្ជូនឈើប្រណីត ស្ទើតែរាល់ថ្ងៃ រីឯមន្ត្រីជំនាញ រដ្ឋបាលព្រៃ ឈើ ក្រោមការគ្រប់គ្រង របស់លោក លឹម ចន្ថា ហាក់ដូចជាមិនរវល់ ចំពោះការបង្ក្រាបនោះឡើយ ។
បើតាមការរិះគន់ ពីមជ្ឈដ្ឋានខាងក្រៅ ចំពោះលោកនាយសង្កាត់រូបនេះ ហាក់បីដូចជាកំពុងផ្គើនទៅនឹងបទ បញ្ជារបស់រាជរដ្ឋាភិបាល តាមលិខិត លេខ ២៩០ក.ក.ជ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ និង ចំណា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ដែលតម្រូវឲ្យអង្គភាពរដ្ឋបាល ព្រៃឈើ ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ។
យោងតាមលិខិតបញ្ជាបេសកកម្ម លេខ 632 រព.នរផ.ប ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ របស់ខណ្ឌ រដ្ឋបាលព្រៃឈើខេត្តក្រចេះ បានចាត់តាំងលោក លឹម ចន្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ គឺជា សមាជិកមួយរូប ដែលទទួលខុសត្រូវប្រចាំការ ក្នុងស្រុកសំបូរ ក្នុងកាទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃ ឈើ និងសត្វព្រៃ ប៉ុន្តែ ជាក់ស្តែងលោកមិនអនុវត្ត ទទួលខុសត្រូវការងាររបស់ខ្លួន ហើយបែរជាឃុបឃិត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ តាមបែបអនាធិបតេយ្យទៅវិញ ។
ទាក់ទិននឹងបទល្មើសការដឹកជញ្ជូនឈើប្រណីតខាងលើនេះ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានធ្វើការទំនាក់ទំនងទៅ លោកលឹម ចន្ថា តាមទូរស័ព្ទដើម្បីសុំការបំភ្លឺ ប៉ុន្តែ ពុំមានអ្នកលើក ជុំវិញ សកម្ម ភាព នៃការជញ្ជូនឈើប្រណីតខាងលើនេះ គេសង្កេតឃើញ លោក ហៃ ដែលជាមេឈ្មួញម្នាក់នេះ ជាអ្នក ដើរប្រមូលទិញ ឈើប្រណីតពីក្នុងព្រៃ ដើម្បីកាត់ឲ្យឈ្មួញដទៃទៀត ក្នុងនោះឈ្មួញកណ្តាលម្នាក់ ត្រូវបាន គេស្គាល់ឈ្មោះ រិទ្ឋិ ហៅ (រិទ្ឋិ ខ្លី ) អតីត ជាមន្ត្រីយោធា នៅវរសេនាតូចលេខ០១ តែត្រូវបានគេកាត់ឈ្មោះ ចោល ហើយបច្ចុប្បន្ន គេបាន និងកំពុង ប្រកបរបររកស៊ី ដឹកជញ្ជូនឈើប្រណីតជាប្រភេទឈើសន្លឹក ឈើ ធ្នង់ដែលមានមុខកាត់ធំៗ ចេញពីដែនសមត្ថកិច្ចលោក នាយសង្កាត់នេះ និងច្រកជាច្រើនទៀតផងដែរ ។
ក្នុងនោះមេឈ្មួញ រិទ្ឋិ (ហៅ រិទ្ឋិខ្លី ) ក៏បានប្រមូលទិញកូនក្រឡឹងតាមម៉ូតូ ស្តុកទុកនៅផ្ទះនៅចំណុចភូមិ សេរីភាព ស្រុកចិត្របុរី និងធ្វើការដឹកជញ្ជូនបន្តតាមរថយន្ត ជាច្រើនគ្រឿងទៅលក់នៅចំណុចក្តុល ខេត្ត កំពង់ចាម ។
គួរបញ្ជាក់ថា ពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដោយស្ថិតក្នុងដំ ណាក់កាល កែទម្រង់របស់រាជរដ្ឋាភិបាលតម្រូវឲ្យមន្ត្រីជំនាញ និងអង្គភាពដែលមានការពាក់ព័ន្ឋ ត្រូវចាត់ វិធាន ពង្រឹងការអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែ លោក លឹម ចន្ថា នាយ សង្កាត់រដ្ឋបាលព្រៃឈើរលួស បែរជាបើកដៃឲ្យក្រុមឈ្មួញ ដំណើរការដឹកជញ្ជូនឈើដោយអនាធិបតេយ្យ ទៅវិញ ៕

No comments:

Post a Comment