Friday, November 15, 2013

ប្រទះ​ឃើញ​សព​២នាក់​ឪពុក កូន​អណ្តែត​ទឹក​ទន្លេ​ គ្រួសារ​ជន​រង​គ្រោះថា​ជា​អំពើប្លន់ ប៉ូលិស​ថា ជា​គ្រោះ​ថ្នាក់​កាណូតបុក​គ្នា​

ខេត្តកំពង់ឆ្នាំង ៖ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តជាមួយក្រុម គ្រួសារជនរងគ្រោះ បានស្រាវជ្រាវរកជនរងគ្រោះ ដែលបាត់ខ្លួនរយៈ ពេល១យប់២ថ្ងៃ ហើយក៏បានប្រទះឃើញ សព២នាក់ឪពុកកូន អណ្តែតទឹកទន្លេនៅចំណុចព្រែក កាត់ក្នុងភូមិកោះតាសោម ឃុំប្រឡាយមាស ស្រុកកំពង់លែង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ វិច្ឆិកា ២០១៣។


តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះគង់ ចក់ អាយុ៥៤ឆ្នាំ និងកូនប្រុសឈ្មោះគង់ ភារម្យ អាយុ២៧ឆ្នាំ រស់នៅភូមិកាម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង។ បើតាមការរៀបរាប់ របស់ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ឪពុក កូនបានជិះទុកបាឡា បំពាក់ម៉ាស៊ីន១គ្រឿង ចេញពីផ្ទះក្នុងបំណងជូន កូនប្រុសទៅខេត្តកំពង់ឆ្នាំង ដើម្បីឡើងរថយន្តទៅប្រទេសថៃ។ លុះចេញដំណើរបានប៉ុន្មានម៉ោង ក៏ស្រាប់តែបាត់ដំណឹងឈឹង មិនអាចទាក់ទងតាមទូរស័ព្ទបាន ក្រុមគ្រួសារក៏មានការសង្ស័យដែរ។
ក្រោយមកនៅព្រឹកថ្ងៃដដែលស្រាប់តែមានប្រជា ពលរដ្ឋប្រទះឃើញសំបកទូកបាឡា មួយគ្រឿងអណ្តែតលើទឹកនៅចំណុចជិត ក្រពើពុលក្នុងឃុំប្រឡាយមាស ក្រោយពីប្រទះឃើញ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ហើយក៏បានរាយការណ៍ ជាបន្តបន្ទាប់តាមរយៈអាយកូម ទៅគ្រប់ប៉ូលិសមូល ដ្ឋានដែលជាប់ដងទន្លេ និងបានដឹងដល់គ្រួសារសព នាំគ្នាមកកាន់កន្លែងកើតហេតុតែម្តង។
ទាក់ទិននឹងហេតុការណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់កាណូតបុកគ្នា ប៉ុន្តែគ្រួសារជនរងគ្រោះបានសង្ស័យថា ជាអំពើប្លន់ ព្រោះក្រៅពីបាត់ប្រាក់ជាង១លានរៀល ក៏នៅបាត់ម៉ាស៊ីនកាណូតបាឡា១គ្រឿង និងសម្ភារមួយចំនួនផងដែរ៕

No comments:

Post a Comment